(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ នាថ្ងៃទី២៥ ដល់២៨ ខែមីនា ឆ្នាំ២០២០ បានចាត់ឱ្យក្រុមការងារ ដែលដឹកនាំដោយ ឯកឧត្តម រ៉ែម សាមឿន និងឯកឧត្តម ហេង ទ្រី សមាជិកក្រុមប្រឹក្សាខេត្ត បន្តចុះចែកអង្ករ តាមខ្នងផ្ទះប្រជាពលរដ្ឋដែលខ្វះខាត បានជាច្រើនគ្រួសារ ព្រមទាំងធ្វើការផ្សព្វផ្សាយសាររួមគ្នា តាមទីសាធារណៈ និងរោងចក្រ ដើម្បីការពារ និងទប់ស្កាត់ ជំងឺឆ្លងកូវីដ១៩ (Covid-19) ក្នុងពេលដែលជំងឺនេះ កំពុងរីករាលដាលជាសកល។
ទាំងនេះគឺជាការឆ្លើយតប ទៅនឹងការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រូពេទ្យ ស្ម័គ្រចិត្តសម្តេចតេជោ ប្រមាណជាង៤០០នាក់ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាពរាជធានីភ្នំពេញ។
សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះថា «ក្រុមការងារចុះជួយតាមបណ្តារាជធានីខេត្ត ស្រុក ក្រុង ត្រូវចុះចែកអង្ករ និងចែកក្រមា ឬម៉ាសតាមផ្ទះ ដល់អ្នកខ្វះខាត ក្នុងពេលដែលជំងឺកូវីដ១៩ កំពុងរីករាលដាល។ ក្នុងនោះខេត្តកណ្តាល ដែលមានឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល ត្រូវចាប់ផ្តើមធ្វើមុនគេ។ ជាមួយគ្នានោះ ត្រូវផ្សព្វផ្សាយសាររួមគ្នា ដើម្បីការពារ និងទប់ស្កាត់ ការរីករាលដាល នៃជំងឺឆ្លង Covid-19 នៅក្នុងប្រទេសកម្ពុជា ហើយអំឡុងពេលនេះ សូមប្រជាពលរដ្ឋកុំចេញពីផ្ទះប្រសិនមិនមានករណីចាំបាច់។»
សូមជម្រាបថា គិតរហូតដល់ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១០២នាក់ហើយ ដែលក្នុងនោះមាន១៣នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ និង៨៩នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។ សម្រាប់ខេត្តពោធិ៍សាត់ នៅពុំទាន់មានករណីនេះផ្ទុះឡើងនៅឡើយទេ៕
Ti Amo (ពស)