(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានជំរុញដល់ប្អូនៗ ជាក្បាលម៉ាស៊ីនយុវជនក្នុងខេត្ត ត្រូវបន្តចុះជាប់ជាប្រចាំ និងនាំយកគ្រាប់ពូជបន្លែកសិកម្ម ចែកជូនប្រជាពលរដ្ឋខ្វះខាត ឱ្យចំគោលដៅ ខណៈដែរជំងឺឆ្លងកូវីដ១៩ (Covid-19) កំពុងរីករាលដាលជាសកល។
ឯកឧត្តមអភិបាលខេត្ត បានជំរុញបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ថ្មី នៅវេទិកាសាលាខេត្ត ដោយបានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្ត ក្រុមយុវជនស.ស.យ.ក ក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាព និងក្រុមយុវជនក្មេងវត្តជាច្រើននាក់ទៀត។
ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ដោយស្ថានភាពជំងឺកូវីដ១៩ កំពុងតែតានតឹងជាសកល ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ជាពិសេសកូនក្មួយដែរទើបនឹងវិលត្រលប់ពីក្រៅប្រទេសមកស្រុកកំណើត ក៏មានការខ្វះខាតជាអន្លើរៗផងដែរ។ ស្ថិតក្នុងស្ថានភាពបែបនេះ ឯកឧត្តមបានបញ្ជាទិញគ្រាប់ពូជបន្លែកសិកម្ម រួមមាន «ត្រកួន ត្រឡាច ននោង ស្ពៃ ម្រះ និងផ្ទី» ដើម្បីឱ្យបងប្អូនយើងបន្តដាំដុះ ស្រោចស្រង់ និងដោះស្រាយជីវភាពបានមួយគ្រា ខណៈដែលក្រុមការងារកំពុងតែស្វាត់ស្វែងរកការឧបត្ថម្ភថវិកា និងសម្ភារ សម្រាប់ចូលរួមចំណែកទប់ស្កាត់ ការរីករាលដាលជំងឺដ៏កាចសាហាវមួយនេះ។ ឯកឧត្តមបានដាក់ចេញវិធាន ដល់ប្អូនៗយុវជន ដែលត្រូវបែងចែកទៅតាមគោលដៅនៃស្រុកនីមួយៗ ត្រូវបន្តចុះជាប់ជាប្រចាំ និងពិនិត្យជាក់ស្តែង ទៅលើកង្វះខាតពិតប្រាកដ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ជាពិសេសកូនក្មួយដែលទើបនឹងវិលត្រឡប់ពីក្រៅប្រទេស។ ជុំវិញបញ្ហាប្រឈម ក៏ដូចជាសំណូមពរ ត្រូវធ្វើរបាយការណ៍ និងរាយការណ៍ មកឯកឧត្តម ឬក្រុមការងារចុះតាមបណ្តាមូលដ្ឋាននៃស្រុកនីមួយៗ ធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា។
ឯកឧត្តមបានលើកឡើងថា កន្លងមកយើងបានធ្វើសកម្មភាព តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល អំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅតាមមូលដ្ឋានរួចមកហើយ បច្ចុប្បន្ននេះនៅពេលទទួលបានផែនការថ្មី អំពីការចុះចែកគ្រាប់ពូជបន្លែកសិកម្ម សូមឱ្យថ្នាក់ដឹកនាំយុវជនទាំងអស់ បន្តធ្វើការផ្សព្វផ្សាយឱ្យរឹតតែមានប្រសិទ្ធិភាពបន្ថែមទៀត ទាក់ទងនឹងស្ថានភាពវិវត្តន៍ថ្មី នៃជំងឺកូវីដ១៩នេះ។ ឯកឧត្តមបានឱ្យដឹងផងដែរថា រដ្ឋបាលខេត្ត ដែលមានមន្ទីរសុខាភិបាលខេត្ត ជាសេនាធិការ បានត្រៀមរៀបចំទីតាំងសម្រាប់បង្ការ និងទប់ស្កាត់ ការផ្ទុះឡើងនូវជំងឺកូវីដ១៩ មានចំនួន២ទីតាំង រួមមាន៖ មណ្ឌលសុខភាពកណ្តៀង ក្នុងស្រុកកណ្តៀង ចំនួន២០គ្រែ លើ២បន្ទប់ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈរលាំង ក្នុងឃុំស្នាមព្រះ ស្រុកបាកាន ចំនួន៩០គ្រែ លើ៩បន្ទប់ ក្នុងនោះមានគ្រូពេទ្យជំនាញពិនិត្យសំណាក ចំនួន១៦នាក់ គ្រូពេទ្យពិនិត្យជំងឺទូទៅ ចំនួន៦៥នាក់ និងឡានពេទ្យ ចំនួន៥គ្រឿង។ ចំពោះទីតាំងទាំងអស់នោះ មន្ទីរបានសហការរៀបចំប្រព័ន្ធបណ្តាញទឹកស្អាត អគ្គិសនី បន្ទប់ទឹក បង្គន់អនាម័យ និងបានរៀបចំស្បៀងអាហារគ្រប់គ្រាន់ផងដែរ។ ឯកឧត្តមបានបន្ថែមថា មន្ត្រីនៅក្នុងមន្ទីរនីមួយៗ ដែលមានភារកិច្ច ផ្លាស់ប្តូរវេនប្រចាំការ ដើម្បីទទួលកូនក្មួយយើងវិលត្រឡប់មកពីប្រទេសក្រៅ ពិតជាមានកង្វះខាត ដូច្នេះទាមទារឱ្យបញ្ចូលប្អូនៗជាយុវជន ដើម្បីចូលរួមកិច្ចការទាំងអស់នេះ ឱ្យដំណើរទៅដោរលូន និងមានប្រសិទ្ធភាពខ្ពស់។
ក្នុងថ្ងៃដដែលនោះ បន្ទាប់ពីបញ្ចប់ការដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ថ្មី ជាមួយក្បាលម៉ាស៊ីនដឹកនាំយុវជនទូទាំងខេត្ត ជុំវិញការត្រៀមគ្រាប់ពូជបន្លែកសិកម្ម ទុកសម្រាប់ចែកជូនប្រជាពលរដ្ឋខ្វះខាត ឱ្យចំគោលដៅនោះរួចមក, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយសភាពាណិជ្ជកម្មខេត្ត ដែលដឹកនាំដោយ លោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្ត៕
Ti Amo (ពស)