រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ខេត្តពោធិ៍សាត់ បានត្រៀមអង្ករ ជិត៦០តោន និងបន្តទទួលពីសប្បុរសជនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

  • 1.5ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ នៅក្នុងដំណាក់កាលដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានផ្អាកការនាំចេញអង្ករ និងត្រី ទៅក្រៅប្រទេស ដើម្បីឱ្យផលិតផលទាំងនោះ កាន់តែសម្បូរ និងងាយស្រួលរកទិញ ជាមួយតម្លៃធម្មតានៅទូទាំងប្រទេស។ សម្រាប់ខេត្តពោធិ៍សាត់ឯនេះវិញ ក៏បានត្រៀមអង្ករ ជិត៦០តោន រួមទាំងសម្ភារៈមួយចំនួនធំ និងបន្តទទួលពីសប្បុរសជនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការងារប្រយុទ្ធប្រឆាំងទប់ទល់ជំងឺកូវីដ១៩ (Covid-19)នេះផងដែរ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ បានថ្លែងឱ្យដឹងនាថ្ងៃនេះថា ស្រប​តាម​ការ​ណែនាំ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមិនចង់ឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងអាហារជាដាច់ខាត, ក្រុមការងារថ្នាក់ជាតិចូលមូលដ្ឋានខេត្តពោធិ៍សាត់ និងតាមបណ្តាស្រុក ក្រុង ក្នុងខេត្ត បានធ្វើសកម្មភាពចុះចែកអង្ករ ចែកគ្រាប់ពូជបន្លែកសិកម្ម និងចែកក្រមា ឬម៉ាសជាបន្តបន្ទាប់ តាមខ្នងផ្ទះប្រជាពលរដ្ឋដែលខ្វះខាត ក្នុងពេលដែលជំងឺកូវីដ១៩ កំពុងរីករាលដាលជាសកល។

ឯកឧត្តមបានបន្តថា សម្រាប់ក្រុងពោធិ៍សាត់ គិតចាប់តាំងពីថ្ងៃទី១៥ ខែមីនា រហូតដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ អង្ករជាង១៥តោន និងសម្ភារៈមួយចំនួនធំ បានបញ្ចេញចែកជូន ដល់ខ្នងផ្ទះប្រជាពលរដ្ឋដែលខ្វះខាត បានជាង១ពាន់គ្រួសារ តាមរយៈឯកឧត្តម រ៉ែម សាមឿន និងឯកឧត្តម ហេង ទ្រី សមាជិកក្រុមប្រឹក្សាខេត្ត ក្រោមកិច្ចចង្អុលបង្ហាញផ្ទាល់របស់ឯកឧត្តមអភិបាលខេត្ត ក្នុងគោលបំណងជួយដោះស្រាយជីវភាពរបស់ពួកគាត់បានមួយរយៈ បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជំងឺនេះ។

ឯកឧត្តមបានបន្ថែមថា អង្ករ និងសម្ភារៈទាំងនោះ គឺជាទឹកចិត្តដ៏ល្អមួយ របស់សប្បុរសជន ក្នុង និងក្រៅខេត្ត ដែលកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ចេះជួយគ្នាទៅវិញទៅមក ស្រលាញ់រាប់អានគ្នា ក្នុងនាមជាប្រជាពលរដ្ឋ ដែលមានឈាមជ័រខ្មែរដូចគ្នា ពោលដូចជាការព្យាបាលគឺមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ ខេត្តពោធិ៍សាត់ពុំទាន់មានករណីកូវីដនៅឡើយទេ។ ដោយឡែកនៅទូទាំងប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (Covid-19) ថ្មីចំនួន២នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ថ្មីមានចំនួនរហូតដល់៥នាក់ ធ្វើឱ្យចំនួនសរុបកើនដល់៦៣នាក់ និងកំពុងសម្រាកព្យាបាល៥៤នាក់ នៃអ្នកឆ្លងសរុបកើនដល់១១៧នាក់៕

Ti Amo (ពស)

អត្ថបទទាក់ទង