(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធនឹងជំងឺកូវីដ១៩ បានដាក់កំហិតឱ្យក្មួយៗពលករខ្មែរទាំងអស់ ដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវអនុវត្តករណីចត្តាឡីស័ក និងដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ នៅទីតាំងដែលបានកំណត់ ជាមួយនឹងការរៀបចំស្បៀងអាហារទទួលពួកគេឱ្យបានសមរម្យ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ (Covid-19) ទៅដល់សហគម។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០កាលពីម្សិលមិញ នៅវេទិកាសាលាខេត្ត ឯកឧត្ដម ម៉ៅ ធនិន បានដាក់បទបញ្ជាដល់កម្លាំងមានសមត្ថកិច្ច ត្រូវធ្វើការត្រួតពិនិត្យ និងបិទការធ្វើដំណើរចេញចូល ឬឆ្លងកាត់ នៅច្រកព្រំប្រទល់ទាំង៧ រវាងខេត្តពោធិ៍សាត់ ជាមួយខេត្តជាប់ព្រំប្រទល់ទាំងអស់ លើកលែងតែករណី៦ចំណុច ដែលមានចែងក្នុងបទបញ្ជា ០២ របស់រាជរដ្ឋាភិបាល រួមមាន៖
- ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក
- រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវ បង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណបណ្ណការងាររបស់ខ្លួន
- រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន
- រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន
- រថយន្តពន្លត់អគ្គីភ័យ
- រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់
- ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានបណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
- ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាព ដែលនៅជិត បំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤ (បួន) នាក់ សម្រាប់ករណីនីមួយៗ។
ឯកឧត្ដម ម៉ៅ ធនិន បានបន្ថែមថា រដ្ឋបាលខេត្ត ដែលមានមន្ទីរសុខាភិបាលខេត្ត ជាសេនាធិការ បានត្រៀមរៀបចំទីតាំង សម្រាប់ទុកប្រជាពលរដ្ឋ ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ មានចំនួន២ទីតាំង ដែលក្នុងនោះមាន មណ្ឌលសុខភាពកណ្តៀង ក្នុងស្រុកកណ្តៀង ចំនួន២០គ្រែ លើ២បន្ទប់ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈរលាំង ក្នុងឃុំស្នាមព្រះ ស្រុកបាកាន ចំនួន៩០គ្រែ លើ៩បន្ទប់ ក្នុងនោះមានគ្រូពេទ្យជំនាញពិនិត្យសំណាក ចំនួន១៦នាក់ គ្រូពេទ្យពិនិត្យជំងឺទូទៅ ចំនួន៦៥នាក់ និងឡានពេទ្យ ចំនួន៥គ្រឿង។ ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តបានខិតខំគ្រប់បែបយ៉ាង ដើម្បីគៀងគររកអំណោយសប្បុរសធម៌ មកផ្គត់ផ្គង់ជាស្បៀង សម្ភារៈប្រើប្រាស់ គ្រឿងបរិក្ខាពេទ្យ ដល់ទីតាំងកំណត់ចត្តាឡីស័ក ជាពិសេសពលរដ្ឋដែលខ្វះខាតជាក់ស្តែង បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩ (Covid-19)នេះ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួលបទបញ្ជាថ្មី ដោយអនុវត្តឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយលុបចោលបំរាមការធ្វើដំណើរពីស្រុកមួយ ទៅស្រុកមួយ តែទុកបំរាមការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយនៅដដែល។ បំរាមនេះ ចាប់ផ្តើមអនុវត្តពីម៉ោង ២៤៖០០ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤៖០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងជំងឺ COVID-19៕
Ti Amo (ពស)