រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ស្ថាប័នរដ្ឋ បុគ្គលិក កម្មករ និយោជិត រោងចក្រសហគ្រាស និងក្រុមហ៊ុននានា ក្នុងខេត្តពោធិ៍សាត់ បន្តធ្វើការធម្មតា តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា (Video inside)

  • 1.4ពាន់
  • ដោយ Admin
https://www.youtube.com/watch?v=XIUldZEZ8A8

(ពោធិ៍សាត់)៖ បើទោះបីជាថ្ងៃនេះ ជាថ្ងៃវិរៈវ័នបត នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ពស២៥៦៤ តម្រូវឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ឈប់សម្រាកក៏ពិតមែន តែដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចមិនឱ្យមានការឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះឡើយ ដែលជាមូលហេតុកុំឱ្យមានការជួបជុំ បង្កឱ្យផ្ទុះឡើង និងរីករាលដាលកាន់តែធ្ងន់ធ្ងរ ពីមនុស្សទៅមនុស្ស។

ជាក់ស្តែងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បម្រើការងារនៅតាមស្ថាប័នរដ្ឋ ក៏ដូចជាបុគ្គលិក កម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស និងក្រុមក្រុមហ៊ុននានា ក្នុងខេត្តពោធិ៍សាត់ បានបន្តធ្វើការងារជាធម្មតា តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ នៅវេទិកាសាលាខេត្តពោធិ៍សាត់ឯណោះវិញ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធនឹងជំងឺកូវីដ១៩ បានទទួលដោះស្រាយបញ្ហាប្រឈម ក៏ដូចជាសំណូមពរ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ បានជាច្រើនករណីផ្សេងគ្នា និងបានបន្តទទួលថវិកា និងសម្ភារៈពីសប្បុរសជន ដើម្បីឆ្លើយតបនឹងការងារប្រយុទ្ធប្រឆាំងទប់ទល់ជំងឺកូវីដ១៩ (Covid-19)។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ស្របតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដោយមិនចង់ឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងអាហារជាដាច់ខាតនោះ, ក្រុមការងារថ្នាក់ខេត្ត និងតាមបណ្តាស្រុក ក្រុង ក្នុងខេត្ត បានធ្វើសកម្មភាពចុះចែកអង្ករ ចែកគ្រាប់ពូជបន្លែកសិកម្ម និងចែកក្រមា ឬម៉ាសជាបន្តបន្ទាប់ តាមខ្នងផ្ទះប្រជាពលរដ្ឋដែលខ្វះខាត ក្នុងពេលដែលជំងឺកូវីដ១៩ កំពុងរីករាលដាលជាសកល។ ឯកឧត្តមបានបន្តថា សម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានត្រៀមអង្ករ ជិត១៣០តោន រួមទាំងសម្ភារៈមួយចំនួនធំ ដើម្បីឆ្លើយតបនឹងការងារប្រយុទ្ធប្រឆាំងទប់ទល់ជំងឺកូវីដ១៩ (Covid-19)នេះផងដែរ។ ទន្ទឹមនឹងនោះ អង្ករ និងសម្ភារៈមួយចំនួនធំ បានបញ្ចេញចែកជូន ដល់ខ្នងផ្ទះប្រជាពលរដ្ឋដែលខ្វះខាត បានជាច្រើនពាន់គ្រួសាររួចមកហើយ ក្នុងគោលបំណងជួយដោះស្រាយជីវភាពរបស់ពួកគាត់ បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជំងឺនេះ។

នៅចំពោះមុខប្រជាពលរដ្ឋ និងសប្បុរសជន ឯកឧត្តម ម៉ៅ ធនិន បានជម្រាបជូនផងដែរថា បច្ចុប្បន្នពលករ ដែលវិលត្រលប់ពីក្រៅប្រទេស គិតចាប់ពីថ្ងៃទី១៨ ខែមីនា ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ មានចំនួន២,២៧០នាក់ ក្នុងនោះស្រី១,០១៧នាក់ ដែរពួកគេត្រូវបានតាមដាន និងពិនិត្យសុខភាព នៅមណ្ឌលសុខភាពមូលដ្ឋានរៀងៗខ្លួន។ ចំពោះពលករដែលទើបមកពីប្រទេសថៃ គិតមកដល់ពេលនេះ មានចំនួន៧០នាក់ ស្រី២៩នាក់ ហើយត្រូវបានក្រុមការងាររៀបចំចាំទទួល និងដឹកជញ្ជូនពួកគេតាមរថយន្តយោធា មកកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈរលាំង ក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ដើម្បីដាក់ឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ព្រមទាំងមានក្រុមគ្រូពេទ្យប្រចាំការ ត្រួតពិនិត្យសុខភាព កន្លែងស្នាក់នៅ មានទឹក មានភ្លើង និងស្បៀងអាហារគ្រប់គ្រាន់។ ក្នុងចំណោមពួកគេទាំងនោះ មានជនសង្ស័យ ចំនួន១០នាក់ ស្រី០៦នាក់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នារាជធានីភ្នំពេញ តែលទ្ធផលអវិជ្ជមានទាំងអស់។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ ខេត្តពោធិ៍សាត់ពុំទាន់មានករណីកូវីដនៅឡើយទេ។ ដោយឡែកនៅទូទាំងប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយ ដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់ ១៤នាក់ថ្មីទៀត ធ្វើឱ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់៩១នាក់ ហើយពិសេសបំផុតគ្មានអ្នកឆ្លងជំងឺកូវីដថ្មីទេ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៣១នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕

Ti Amo (ពស)

អត្ថបទទាក់ទង