រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំប្រតិភូ គោរពវិញ្ញាណក្ខន្ធសព ប្រធានក្រុមប្រឹក្សាឃុំកោះជុំ ស្រុកកណ្តៀង ដែលទទួលមរណភាព ដោយរោគាពាធ

  • 1.6ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូ ចូលគោរពវិញ្ញាណក្ខន្ធសព លោក ណូក បឹង ប្រធានក្រុមប្រឹក្សាឃុំកោះជុំ ស្រុកកណ្តៀង ដែលទទួលមរណភាព កាលពីវេលាម៉ោង ០៤ និង១៤នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៦៤ឆ្នាំ បន្ទាប់ពីទទួលបានការថែទាំសុខភាព អស់រយៈពេលប៉ុន្មានខែកន្លងមក។

ពិធីគោរពវិញ្ញាណក្ខន្ធសព ធ្វើឡើងនៅគេហដ្ឋាននៃសព ដែលស្ថិតក្នុងភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន តាងនាមជំនួសមុខឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ បានសម្តែងនូវក្តីក្រៀមក្រំ ក្តុកក្តួលរំជួលចិត្ត សោកស្តាយក្រៃលែង ចំពោះការបាត់បង់ លោក ណូក បឹង ប្រធានក្រុមប្រឹក្សាឃុំកោះជុំនាពេលនេះ។ ឯកឧត្តមបានចាត់ទុកថា មរណៈភាពរបស់លោក ណូក បឹង គឺជាការបាត់បង់ថ្នាក់ដឹកនាំឃុំដ៏ល្អមួយរូប ដែលបានបម្រើប្រជាពលរដ្ឋ ប្រកបដោយសទ្ធាជ្រះថ្លាជ្រាលជ្រៅ ក្នុងការងារមនុស្សធម៌ និងការងារព្រះពុទ្ធសាសនា ព្រមទាំងជាការបាត់បង់ឳពុក ឳក្មេង ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រលាញ់ ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់គ្រប់បែបយ៉ាង ដល់ក្រុមគ្រួសារ និងបានអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូនចៅបានក្លាយជាពលរដ្ឋល្អ។

ស្ថិតក្នុងស្ថានភាពដ៏ក្រៀមក្រំនេះ ឯកឧត្តមអភិបាលខេត្ត សូមចូលរួមរំលែកនូវមរណទុក្ខ និងសេចក្តីសោកស្តាយ អាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទឹសបួងសួង ដល់វិញ្ញាណក្ខន្ធរបស់លោក ណូក បឹង បានសោយសុខក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។

នាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានប្រគល់សារលិខិតរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសព ព្រមទាំងបានឧបត្ថម្ភ អង្ករ១០០គីឡូក្រាម ទឹកក្រូច១៥កេស ទឹកត្រី២យួរ ទឹកស៊ីអ៉ីវ២យួរ និងថវិកា៥០ម៉ឺនរៀល ទុកចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕

Ti Amo (ពស)

អត្ថបទទាក់ទង