រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ស្នើឱ្យមេភូមិ មេឃុំ មេប៉ុស្តិ៍ ជាពិសេសស្មៀនឃុំ ត្រូវផ្តោតការយកចិត្តទុកដាក់ ជួយដល់ពលរដ្ឋឱ្យអស់ពីសមត្ថភាព (Video inside)

  • 2.3ពាន់
  • ដោយ Admin
https://youtu.be/dym3QL5kJfI

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានស្នើឱ្យមេភូមិ មេឃុំ មេប៉ុស្តិ៍ ជាពិសេសស្មៀនឃុំ ដែលជាឪពុកម្តាយ នៅជិតបំផុតជាមួយប្រជាពលរដ្ឋ ត្រូវផ្តោតការយកចិត្តទុកដាក់ ជួយដល់ពួកគាត់ឱ្យអស់ពីសមត្ថភាព និងឱ្យដូចជាឳពុកម្តាយទី២ ដោយបានសង្កត់ធ្ងន់ថា ភាពសុខសាន្តនៅក្នុងសង្គមជាតិ ក៏ដូចក្នុងសង្គមគ្រួសារ គឺផ្តើមចេញពីយើងចេះស្រលាញ់គ្នា យោគយល់អធ្យាស្រ័យ សណ្តោសប្រណី និងយកអាសារគ្នា ដូចគ្រួសារតែមួយ។

ឯកឧត្តមអភិបាលខេត្ត បានស្នើបែបនេះ ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកអំណោយ ទៅប្រគល់ជូនប្រជាពលរដ្ឋខ្វះខាតស្បៀង លើ៤ទីតាំងផ្សេងគ្នា សរុបចំនួន៧៣៨គ្រួសារ ដែលរស់នៅភូមិតាឡុះ ភូមិអូរសោម ភូមិកណ្តាល ភូមិឆាយលូក ភូមិគៀនជង្រុក និងភូមិស្ទឹងតាចាន់ ក្នុងឃុំអូរសោម ស្រុកវាលវែង ដោយបានការចូលរួមពី លោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភាមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត អភិបាលរងខេត្ត និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ការប្រគល់អំណោយនាពេលនេះ គឺដើម្បីចូលរួមចំណែកដោះស្រាយ និងលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ក្នុងកាលៈទេសៈប្រទេសជាតិកំពុងទទួលរងគ្រោះ ដោយជំងឺរាលត្បាតកូវីដ១៩ (Covid-19)។ បើទោះបីជាអំណោយទាំងនេះ មិនបានបំពេញតាមតម្រូវការរបស់បងប្អូនក៏ពិតមែន តែក៏អាចដោះស្រាយបានមួយកម្រិតផងដែរ ដូច្នេះសូមលោកតា លោកយាយ អ៊ុំ ពូ មីង និងបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិត ដោយជម្រុញការដាំដុះដំណាំ និងបន្លែសុវត្ថិភាព ហើយឯកឧត្តមនឹងរកទីផ្សារជូន ជៀសវាងការប្រើប្រាស់បន្លែ ដែលនាំចូលពីក្រៅប្រទេស។

ឯកឧត្តមបានបន្ថែមថា បើទោះជាតួលេខដែលបង្ហាញដោយក្រសួងសុខាភិបាល បានបញ្ជាក់ពីការថយចុះ និងការព្យាបាលជា បានជាច្រើនករណីយ៉ាងណាក្តី តែជំងឺនេះមិនទាន់ផុតរលត់ពីផែនដីនៅឡើយទេ រីឯវ៉ាក់សាំងការពារ ក៏ពុំទាន់មានការបញ្ជាក់យ៉ាងណានោះដែរ។ និយាយជារួម និងនិយាយដោយឡែកនៅខេត្តពោធិ៍សាត់ ក៏នៅពុំទាន់មានករណីកូវីដនេះនៅឡើយដែរ ក៏ប៉ុន្តែពួកយើងត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ក្រុមគ្រួសារ និងរួមគ្នាបង្ការ ទប់ស្កាត់ជំងឺនេះ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងទៀតថា រាជដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ជាក់ស្តែងដូចជាផ្លូវជាតិលេខ១០ ត្រូវបានសម្តេចតេជោ បើកការដ្ឋានស្ថាបនាសាងសង់នាពេលថ្មីៗនេះ ដោយតភ្ជាប់ «ពីអក្សរT ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្ពោះទៅកាន់ស្រុកថ្មបាំង ខេត្តកោះកុង ឆ្លងកាត់ឃុំក្រពើពីរ ឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង នៃខេត្តពោធិ៍សាត់»។ ម្រោងសាងសង់ផ្លូវជាតិលេខ១០ អាចឱ្យប្រជាពលរដ្ឋ មកពីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ឬតាមបណ្តាខេត្តទិសពាយ័ព្យ ធ្វើដំណើរ និងដឹកទំនិញឆ្លងកាត់ ទៅខេត្តជាប់ដែនសមុទ្រ បានយ៉ាងងាយស្រួល។ យើងមានឱកាសបានជួបជុំគ្នា និងកសាងសមិទ្ធផលនានាបាន គឺដោយសារកត្តានៃសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅប្តូរ រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដល់សព្វថ្ងៃ ហើយប្រជាពលរដ្ឋ ក៏អាចធ្វើដំណើរទៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

អំណោយដែលត្រូវចែកជូន ដល់ប្រជាពលរដ្ឋខ្វះខាតស្បៀង ចំនួន៧៣៨គ្រួសារ រស់នៅក្នុងភូមិទាំង៦ នៃឃុំអូរសោម ដោយក្នុងមួយគ្រូសារៗទទួលបាន អង្ករចំនួន១០គីឡូក្រាម ទឹកត្រី២ដប និងទឹកស៊ីអ៊ីវ២ដប។ ជាមួយគ្នានោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានត្រៀមស្បៀងរក្សាទុក សម្រាប់បន្តចែកជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលខ្វះខាតនិងបានប្រគេនបច្ច័យបួនតម្កល់ទុក សម្រាប់កសាងវត្តអូរសោមផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង