(ពោធិ៍សាត)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានអំពាវនាវដល់ប្រជាកសិករ ត្រូវផ្តោតការយកចិត្តទុកដាក់បង្កបង្កើនផល ទាំងដំណាំស្រូវ និងដំណាំបន្លែបង្ការគ្រប់ប្រភេទ ដោយគិតទៅលើគុណភាព និងប្រសិទ្ធិភាពផលិតផល ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងទីផ្សារ និងការនាំចេញទៅក្រៅប្រទេស។
ឯកឧត្តមបានអំពាវនាវបែបនេះ នៅវត្តក្តីឈ្វិត (ហៅវត្តក្តីឧត្តម) ក្នុងឱកាសចុះចែកស្រូវពូជសែនក្រអូប ប្រមាណ៤,៥តោន របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ជូនដល់ប្រជាកសិករ ចំនួន១៥០គ្រួសារ មកពី៨ភូមិ ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង សម្រាប់បើកធ្វើស្រែដើមរដូវ។
ថ្លែងក្នុងឱកាសចុះចែកស្រូវពូជដោយផ្ទាល់ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា ផ្តើមចេញពីការគិតគូដោះស្រាយ និងយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាត ដោយសារគ្រោះធម្មជាតិរាំងស្ងួត ធ្វើឱ្យដំណាំស្រូវបណ្តាឆ្នាំកន្លងមកទទួលរងការខូចខាតនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមជួយដោះស្រាយពូជស្រូវ ជូនដល់បងប្អូនប្រជាកសិករណាដែលខ្វះខាតជាបន្ទាន់។ ជាក់ស្តែងថ្ងៃនេះ ប្រជាកសិករចំនួន១៥០គ្រួសារ មកពី៨ភូមិ ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ពិតជាមានការខ្វះខាត និងបានទទួលយកស្រូវពូជសែនក្រអូប យកទៅសាបព្រោះបើកធ្វើស្រែដើមរដូវ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៣០គីឡូក្រាម។ ឯកឧត្តមបានបន្ថែមថា ការផ្តល់ជូនពូជស្រូវនាពេលនេះ គឺសំដៅធ្វើយ៉ាងណា ឱ្យការងារបង្កបង្កើនផលស្រូវរដូវវស្សាទូទាំងខេត្តឆ្នាំនេះ កាន់តែមានសន្ទុះជាងបណ្តាឆ្នាំកន្លងមក។
ឯកឧត្តមបានថ្លែងបញ្ជាក់ថា ខេត្តពោធិ៍សាត់របស់យើង ពិតជាមានភ័ព្វសំណាងណាស់ ដែលទទួលបាននូវសមិទ្ធផលជាច្រើន សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា រួមមានទំនប់ស្ទាក់ទឹកទី៣ និងទី៥ នៅក្នុងស្រុកភ្នំក្រវាញ ប្រព័ន្ធស្រោចស្រពធំៗចំនួន២កន្លែង គឺប្រឡាយមេដំណាក់អំពិល និងប្រឡាយមេចារឹក ក្នុងភូមិសាស្ត្រប៉ែកខាងលើ រួមមានស្រុកភ្នំក្រវាញ ស្រុកតាលោសែនជ័យ ស្រុកបាកាន ក្រុងពោធិ៍សាត់ និងប៉ែកខាងក្រោម ក្នុងស្រុកកណ្តៀង។
នៅចំពោះមុខប្រជាពលរដ្ឋ ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យមន្ទីរធនធានទឹក និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយរដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ដើម្បីជួយសម្រួលដោះស្រាយទឹក ចេញពីប្រឡាយមេ ជូនបងប្អូនប្រជាជនយើងប្រើប្រាស់ ឱ្យបានសមស្របទៅតាមរដូវកាល។ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ប្រជាកសិករ ធ្វើការពិភាក្សាជាមួយរោងម៉ាស៊ីនកិនស្រូវ ឬភ្នាក់ងារកសិកម្ម ដែលចុះជាប់ជាប្រចាំ ត្រូវជ្រើសរើសពូជស្រូវណា ដែលជាតម្រូវការទីផ្សារ និងធានាតម្លៃនាំចេញ១០០%។
ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ម៉ៅ ធនិន បានបន្តជួបសម្របសម្រួល ដោះស្រាយបញ្ហាប្រឈម ក៏ដូចជាក្តីកង្វល់ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ បានជាច្រើនករណី នៅវេទិកាសាលាខេត្តពោធិ៍សាត់ផងដែរ៕
Ti Amo (ពស)