រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សាខាសមាគមនារីខេត្តពោធិ៍សាត់ ប្រគេនទានវស្សា ដល់វត្តអត្តខាត់ចំនួន៤ និងបូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង

  • 1.6ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ លោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត ព្រមទាំងលោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិកាគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ មានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បាននាំយកនូវបច្ច័យ ទៀនវស្សា និងទេយ្យទានជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃតាមវត្តនីមួយៗ ចំនួន៤វត្ត នៅក្នុងខេត្ត និងបូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ សម្រាប់ទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងឱកាសគង់ចាំព្រះវស្សាអស់កាល៣ខែ។

តាមការឲ្យដឹងពីលោកជំទាវ ឈឹម ស៊ីណា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមក ឱ្យតែឈានចូលរដូវបុណ្យទៀនម្តងៗ លោកជំទាវជាសមាជិកាប្រតិបត្តិ លោកជំទាវថ្នាក់កិត្តិយស រួមទាំងលោកជំទាវ និងលោកស្រី សមាជិកាគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត តែងតែបានរួបរួមសាមគ្គីគ្នា បរិច្ចាកទាំងថវិកា និងសម្ភារៈ ប្រគេនដល់ព្រះសង្ឃតាមបណ្តាវត្ត ដែលអត្តខាត់ និងនៅជនបទ។ លោកជំទាវ រួមទាំងគណៈកម្មការ និងអាចារ្យតំណាងវត្តនីមួយៗ បានសម្តែងនូវទឹកចិត្តសោមនស្សក្រៃលែង ចំពោះលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត ព្រមទាំងលោកជំទាវ និងលោកស្រី ជាសមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ទាំងអស់ ដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា បានចំណាយធនធានផ្ទាល់ខ្លួន ដោយនាំយកមកនូវទៀនចំណាំព្រះវស្សា រួមជាមួយនឹងគ្រឿងឧបភោគ បរិភោគជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃ សម្រាប់ទ្រទ្រង់នារដូវគង់ចាំព្រះវស្សាអស់កាល៣ខែ។

លោកជំទាវ ឯម ប៉ុណ្ណា បានថ្លែងការកោតសរសើរដល់គណៈកម្មការអាចារ្យ និងគណៈគ្រប់គ្រងបូជនីយដ្ឋាន ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅខេត្ត ដែលមានជំនឿជឿជាក់មកលើបារមី លោកតាឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ក៏ដូចមានជំនឿលើវិស័យព្រះពុទ្ធសាសនានោះ តែងតែនាំយកមកនូវទៀនចំណាំព្រះវស្សា ថវិកា និងគ្រឿងឧបភោគ បរិភោគ និងដង្វាយផ្សេងៗ ចូលមកបន់ស្រន់ និងចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឱ្យកាន់មានការអភិវឌ្ឍន៍ សម្រាប់ទីកន្លែងគោរពបូជា របស់ពុទ្ធបរិស័ទគ្រប់ៗរូបហូរហែរជារៀងរាល់ថ្ងៃ។

ដោយមានជំនឿជឿជាក់បារមី និងប្រកាន់ភ្ជាប់នូវទំនៀមទំលាប់នេះហើយ ទើបធ្វើឱ្យទីតាំងវត្តអារាម និងបូជនីដ្ឋានមួយនេះ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍន៍ និងឈានទៅចែករំលែក ទាំងវិស័យមនុស្សធម៌ ជួយដល់ជនក្រីក្រ និងទីវត្តអារាម ដែលអត្តខាត់ថែមទៀតផង។ លោកជំទាវតែងតែបានចាត់ទុកថា ការចូលរួមទាំងថវិកា និងសម្ភារៈបរិក្ខា របស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក និងលោកស្រីថ្នាក់ដឹកនាំ ក៏ដូចសប្បុរសជន ទាំងក្នុង និងក្រៅខេត្តនាពេលនេះ គឺជាការកសាងនូវកុសលផលបុណ្យមួយដ៏ធំ ក្នុងការរួមចំណែកជួយដល់ការងារសង្គម បានចូលជ្រួតជ្រាបដល់ ក្រអៅបេះដូងដល់ជនងាយរងគ្រោះគ្រប់ៗរូប និងគ្រប់អង្គផងដែរ ហើយសូមឱ្យសកម្មភាពមនុស្សធម៌ កាន់តែរីកសាយដល់ជនគ្រប់ៗរូប និងស្ថិតស្ថេររហូត ព្រមទាំងបានឧទ្ទិសកុសលផលបុណ្យទាំងនេះ បានជូនដល់មាតា បិតាជីដូនជីតានិងញាតិការទាំងប្រាំពីសន្តានកុំបីអាក់ខានឡើយ។

ក្នុងឱកាសនោះ លោកជមទាវ បានលើកឡើងថា ខេត្តពោធិ៍សាត់ពិតជាមានភ័ព្វសំណាងណាស់ ដែលពុំមានករណីកូវីដ១៩ ដើម្បីរក្សាបាននូវភាពជោគជ័យបន្តទៅទៀតនោះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាលជាប្រចាំ និងត្រូវថែររក្សាការពារសុខភាព ចូលរួមគោរពច្បាប់ចរាចរណ៍ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ព្រមទាំងខិតខំរកស៊ីទទួលទានតាមរយៈការចិញ្ចឹមសត្វ ដាំដំណាំ និងមុខរបរផ្សេងៗទៀត ក្នុងគោលបំណងបង្កើនជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា ឆ្នាំនេះសាខាសមាគមនារីខេត្ត ដោយបានការចូលរួមបន្ថែមពីឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ហ៊ុន ចាន់ធី បានរៀបចំទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ យកទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាដល់ទីកន្លែង ចំនួន៤វត្ត គឺវត្តសុវណ្ណគិរី (ហៅវត្តទួលវែង) ក្នុងសង្កាត់រលាប, វត្តកែវមុន្នីឧត្តម ក្នុងសង្កាត់ព្រៃញី, វត្តព្រៃធុតង្គភ្នំទ្រព្យ ក្នុងសង្កាត់រលាប, វត្តបល័្លង្គ ក្នុងសង្កាត់លលកស និងបូជនីដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ដោយក្នុងមួយវត្ត បច្ច័យកសាង១លានរៀល, ប្រគេនព្រះសង្ឃ២៨អង្គ ក្នុងមួយអង្គបច្ច័យ៣ម៉ឺនរៀល, ទៀនព្រះវស្សាពីរគូ, អង្ករ១៥០គីឡូក្រាម ក្រៅពីនោះគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ជាច្រើនទៀត៕

Ti Am (ពស)

អត្ថបទទាក់ទង