ខេត្តពោធិ៍សាត់ (ជាភាសាអង់គ្លេស Pursat Province និងមានអក្សរកាត់ PS) គឺជាខេត្តមួយស្ថិតនៅភាគពាយ័ព្យ នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ១៨៦គ.ម ពីរាជធានីភ្នំពេញ។ មានផ្លូវគមនាគមន៍សំខាន់ៗចំនួន ៣គឺ៖ ផ្លូវជាតិលេខ៥ ផ្លូវដែក(រថភ្លើង) និងផ្លូវទឹក (បឹងទន្លេសាប)។
ខេត្តពោធិ៍សាត់មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ឆ្នាំង ខាងលិចជាប់នឹងខេត្តបាត់ដំបង និងប្រទេសថៃ (ខ្សែបន្ទាត់ព្រំដែនប្រវែងប្រមាណ ៨៧គ.ម) ខាងជើងទល់នឹងបឹងទន្លេសាប (ប្រវែងប្រមាណ៨០គ.ម) និងខាងត្បូងជាប់នឹងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។
ផ្ទៃដីខេត្តពោធិ៍សាត់សរុបចំនួន ១,២៦៩,២០០ហ.ត ក្នុងនោះមានផ្ទៃដីព្រៃឈើ ៨៨៨,២២៧ហ.ត ផ្ទៃដីព្រៃលិចទឹកក្នុងតំបន់បី មាត់បឹងទន្លេសាប ៩៤,០៤២ហ.ត ផ្ទៃដីកសិកម្ម ១២០,០០០ហ.ត និងផ្ទៃដីផ្សេងៗទៀត ១៦៣,៥៦៤ហ.ត។
រដ្ឋបាលខេត្តពោធិ៍សាត់ ចែកចេញជា៦ស្រុក ១ក្រុង ៤២ឃុំ ០៧សង្កាត់ និង៥១១ភូមិ និងភូមិឧបសម្ព័ន្ធចំនួន១៨ភូមិ មានប្រជាជនសរុបចំនួន៤៩២,៨០០នាក់ គ្រួសារសរុបចំនួន ១១៦,៣១៥ គ្រួសារ ស្រ្តី២៥០,២៩៣នាក់ អាយុ១៨ឆ្នាំឡើង ៣១០,០៧៧នាក់។ មានមុខរបរជាកសិករ ៨៥% សិប្បករ-ពាណិជ្ជករ-សេវាករ១៣% និងចម្រុះផ្សេងៗ ២%។
ទឹកដីខេត្តពោធិ៍សាត់សម្បូរទៅដោយធនធានធម្មជាតិទាំងលើដី និងក្រោមដីដូចជា៖ ព្រៃឈើ ខ្សាច់សំណង់ ថ្មកែវ ត្រីទឹកសាប និងរ៉ែក្រោមដីផ្សេងៗមួយចំនួនធំទៀត។ វិស័យសំខាន់ៗដែលទ្រទ្រង់សេដ្ឋកិច្ច និងសូចនាកររបស់ខេត្តមានជាអាទិ៍ គឺវិស័យកសិកម្ម រួមផ្សំជាមួយដំណាំផ្លែឈើជាច្រើនមុខ ជាពិសេសដំណាំក្រូចពោធិ៍សាត់ ជាប្រភេទពូជក្រូច ដែលមានរស់ជាតិល្បីល្បាញទូទាំងប្រទេស។ ក្នុងនោះក៏មានរមណីយដ្ឋានទេស ចរណ៍ធម្មជាតិ រមណីយដ្ឋានទេសចរណ៍វប្បធម៌ដ៏ស្រស់ត្រកាល និងជំរកសត្វព្រៃគ្រប់ប្រភេទ ដែលទាក់ទាញ ស្រូបយកភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។
ខេត្តពោធិ៍សាត់មានសក្តានុពលដ៍ធំអស្ចារ្យ សម្រាប់បំរើប្រជាពលរដ្ឋទូទៅ ក្នុងនោះគឺថាមពលវារីអគ្គីសនីកម្លាំង១២០មេហ្កាវ៉ាត់ដ៏ធំលើសលប់ពីសេចក្តីត្រូវការ ហើយអាចនាំចេញទៅបណ្តាខេត្តដ៏ទៃទៀត។ នេះជាកាលានុវត្តភាពថ្មីមួយទៀត ដែលបានបង្ហាញថាមពលរបស់ខេត្ត។ ចំណែកវិស័យវប្បធម៌ មានក្បាច់បុរាណ ដែលគ្មានពីរក្នុងប្រទេសគឺថ្មកែវ ឈើប្រណិត ដែលជាផលិតផលចម្លាក់ដ៏ល្អវិសេសវិសាល ដែលជាអាទិភាពចេញមកពីស្នាដៃយ៉ាងប្រណិត របស់ប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ ដ៏យូរលង់ណាស់មកហើយ៕